ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ <...មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Breaking News

បទយកការណ៍៖ ត្រី ប៉ាសាណាក់ បង្ហាញវត្តមានឡើងវិញនៅទន្លេមេគង្គកម្ពុជា បន្ទាប់ពីបាត់មុខពីរទសវត្សរ៍កន្លងមក

ដោយ :webesiteartkbachangkor

 ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាយើង ត្រូវបានចាត់ទុកថាជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប មានព្រៃឈើ មានសមុទ្រ មានរ៉ែក្រោមដី មានសត្វស្លាប សត្វព្រៃ និងពពួកត្រី ជាច្រើនប្រភេទ គ្របដណ្តប់ពាសពេញផ្ទៃប្រទេស ជាពិសេសនោះកម្ពុជាយើងមានបឹងទន្លេសាប មានទន្លេមេគង្គ ដែលជាជម្រុកត្រីដ៏ធំបំផុត ដែលមានទាំងប្រភេទត្រី ឬធនធានជលផលទឹកសាប និងទឹកប្រៃ ដែលត្រូវបានការពារដោយច្បាប់ជលផល ប្រភេទត្រីកម្រ និងប្រភេទត្រីទូទៅ ដែលបាននិងកំពុងផ្គត់ផ្គង់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការនាំចេញផងដែរ។  

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះថា ៖ “នៅកម្ពុជាយើងមានត្រឹទឹកសាបប្រមាណជាង ៥០០ប្រភេទ ដែលក្នុងនោះមានប្រភេទការពារដោយច្បាប់ចំនួន ៥៨ប្រភេទ (ទឹកសាប ២៩ប្រភេទ ទឹកប្រៃ ២៩ប្រភេទ) និងប្រភេទត្រីកម្រចំនួនជាង ១០០ប្រភេទ។ សូមបញ្ជាក់ថា ប្រភេទត្រីកម្រ គឺជាប្រភេទត្រីដែលមិនត្រូវបានការពារដោយច្បាប់ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះទេ ប៉ុន្តែគឺជាប្រភេទត្រីដែលពុំសូវមាន ឬបង្ហាញវត្តមានថាមានចំនួនច្រើននៅកម្ពុជាយើង”។

  ពាក់ព័ន្ធទៅនឹងប្រភេទត្រីកម្រនេះដែរ AKP សូមលើកយកនៅប្រភេទត្រីមួយប្រភេទដែលបានបាត់វត្តមានពីទន្លេមេគង្គ នៃកម្ពុជាយើងចំនួនពីរទសវត្សរ៍មកហើយ នោះគឺត្រី “ប៉ាសាណាក់” ដែលកាលពីពេលថ្មីៗនេះបានបង្ហាញវត្តមានជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែងដែលប្រជានេសាទ នេសាទបាន។

  លោក ថាច់ ផាណារ៉ា បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងត្រី ប៉ាសាណាក់ ថា ៖“យើងខានឃើញវត្តមានរបស់ត្រីប៉ាសាណាក់នេះ ប្រហែលជាតាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយដែលនេះជាលើកទី១ ដែលយើងបានជួបប្រទះវាដោយ អ្នកនេសាទ នេសាទបាន និងយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។ ពិតមែនតែត្រីប្រភេទនេះមិនត្រូវបានការពារដោយច្បាប់ជលផល តែគឺជារឿងមួយដែលបញ្ជាក់ថាវានៅតែមានវត្តមាននៅកម្ពុជាយើងនៅឡើយទេ។ មានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត”។  

បន្ថែមពីលើនេះ លោក ថាច់ ផាណារ៉ា បានឱ្យដឹងថា ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយឡែកវាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ដែលលោកគិតថាទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។

  យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។

  ចំពោះលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសាណាក់វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់នៃទន្លេមេគង្គ។ ត្រីប៉ាសាណាក់ ធ្វើចរាចរឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។ ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទមង។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បានដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់។

  លោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទ នៅស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនប្រទេសឡាវ បានឱ្យ AKP ដឹងនៅថ្ងៃនេះផងដែរថា ត្រីប៉ាសាណាក់នេះ គឺជាប្រភេទត្រីកម្រដែលមិនសូវមានអ្នកនេសាទណាធ្លាប់នេសាទបាននោះទេ ហើយវាបាត់ដានច្រើនឆ្នាំមកហើយដែរ ដែលធ្វើឱ្យត្រីប្រភេទនេះមិនសូវមានអ្នកស្គាល់ផងដែរ។  

លោក គង់ ចាន់ធី បានបន្ថែមថា ៖ “តាមដែលខ្ញុំធ្លាប់ដឹង ប្រជានេសាទធ្លាប់នេសាទបានត្រីប្រភេទនេះបានដែរ តែដោយកម្រប៉ុណ្ណោះ កាលពីពេលជាង១០ឆ្នាំមុន ហើយដែលក្នុងនោះមានមួយមានទម្ងន់ជិត៣០គីឡូក្រាមឯណោះ។ ចំពោះតម្លៃទីផ្សារក្នុងស្រុកវិញ គឺជាប្រភេទត្រីដែលមានតម្លៃទីផ្សារខ្ពស់គួរសមដែរ ហើយនៅខេត្តស្ទឹងត្រែង តម្លៃរបស់ត្រីប៉ាសាណាក់នេះ គឺក្រោមតែត្រីប៉ាសេអ៊ីមួយប៉ុណ្ណោះ ជាពិសេសនោះគឺវាមានតម្លៃខ្ពស់ខ្លាំងជាងនេះទៀតនៅទីផ្សារប្រទេសឡាវ ដែលធ្វើឱ្យអ្នកនេសាទ នៅពេលនេសាទបានត្រីប៉ាសាណាក់នេះ យកទៅលក់ដោយផ្ទាល់នៅប្រទេសឡាវតែម្តង ដែលធ្វើឱ្យយើងមិនសូវមានព័ត៌មានពីត្រីនេះនោះទេ”។  

ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន០៣ប្រភេទ ហើយត្រីប៉ាសាណាក់នេះ ជាពពួកត្រីស ដែលមានន័យថាជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វាត្រលប់មកជម្រកសំខាន់របស់វាវិញ។ សរីរាង្គវិទ្យរបស់ពពួកត្រីស មិនអាចផ្សាំទៅនឹងលក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅទេ។ ពពួកត្រីសនៅទន្លេមេគង្គ មានដូចជា ត្រីគល់រាំង ត្រីរាជ ត្រីខ្លា ត្រីឆ្ពិនមាស ត្រីក្អែក ត្រីកញ្ជ្រូកក្រហម ។ល។  

ដោយឡែកសម្រាប់ត្រីប្រផេះវិញ ជាប្រភេទដែលមានជម្រករស់នៅតាមបឹង អូរ ស្ទឹង ព្រែក ទន្លេ ដែលមានរយៈពេលខ្លី និងមិនធ្វើចរាចរឆ្ងាយដូចប្រភេទត្រីសទេ គឺចេញពីទន្លេទៅតំបន់លិចទឹកនៅរយៈពេលខ្លីក្នុងរដូវវស្សា លុះដល់រដូវប្រាំងវាត្រលប់មកទន្លេវិញ។ ពពួកត្រីប្រផេះ មានដូចជា ត្រីខ្មាន់ស ត្រីស្រកាក្តាម ត្រីរៀល ត្រីបង្គួយ ត្រីឆ្លូញខ្មៅ ត្រីសណ្តាយ ត្រីចេកទុំ ។ល។

  ចំពោះពពួកត្រីខ្មៅវិញ ជាប្រភេទត្រីដែលចំណាយពេលវេលាភាគច្រើននៃជីវិតរស់នៅ និងពងកូនក្នុងជម្រកសំខាន់របស់វាតាមបឹង វាលភក់ និងចូលទៅព្រែក ស្ទឹង អូរ ទន្លេ ពេលទឹកជន់លិចនៅរដូវវស្សា។ ពពួកត្រីខ្មៅ មានដូចជា ត្រីក្រាញ់ ត្រីកំភ្លាញភ្លុក ត្រីផ្ទក់/ត្រីរ៉ស់ ត្រីឆ្តោ/ត្រីឌៀប ត្រីអណ្តែងទន់/រឹង។ល។។  

ត្រីប៉ាសាណាក់ ឬអាចហៅបានថាជាត្រីសាលម៉ុនធំទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN៕  

ដោយ ផែន រតនៈ

No comments